ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុមដូចខាងក្រោម ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដាបានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗជាច្រើន ដូចមាននៅក្នុងតារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។ ការពង្រីកបណ្ដាញប្រតិបត្តិការគ្របដណ្ដប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឱ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម (ដូចជាការបន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។ ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ។
នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឱ្យភាគទុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។
បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៦ ធនាគារអេស៊ីលីដា បានប្រកាសពីការបង្កើនដើមទុនដែលមានពី ១៣លានដុល្លារអាមេរិក ទៅដល់ ៣០លានដុល្លារអាមេរិក ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៨ ធនាគារអេស៊ីលីដា បានប្រារព្ធពិធីគម្រប់ខួបទី១៥ឆ្នាំនៃការធ្វើប្រតិបត្តិការរបស់ខ្លួននិងបានប្រកាសបង្កើនដើមទុនរបស់ខ្លួនពី ៣០លានដុល្លារអាមេរិក ទៅ ៥០លានដុល្លារអាមេរិក ។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៩ ធនាគារអេស៊ីលីដា បានបង្កើនដើមទុនពី ៥០លានដុល្លារអាមេរិក ដល់ ៦០លានដុល្លារអាមេរិក និងបង្កើនដល់ ៦៨,១៥លានដុល្លារអាមេរិក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ ។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១ ធនាគារអេស៊ីលីដា បានបង្កើនដើមទុនដល់ ៧៨.៣៧២.៥០០ដុល្លារអាមេរិក និងបង្កើនដល់ ៨៨.៣៧២.៥០០ដុល្លារអាមេរិក នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១២ ។